ទីផ្សារ Smartphone កំពុងរីកដូចផ្សិត ខណៈតម្រូវការអ្នកប្រើប្រាស់មានការកើនឡើងយ៉ាងគំហុក។ ចុះបើគេនិយាយថា អ្នកដែលកាន់ Smartphone សុទ្ធតែជាមនុស្សសម្ភារៈនិយម តើយល់យ៉ាងម៉េចដែរ?
“សម័យឥឡូវនេះ ការប្រើ Smartphone បានក្លាយជាទម្លាប់ធម្មតាទៅហើយ។ ពីមុនគេប្រើទូរសព្ទសម្រាប់តែនិយាយ ឬផ្ញើសារតិចតួច ប៉ុន្តែឥឡូវនេះគេប្រើ Smartphone ដើម្បីអាចថតរូប និងទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ជាពិសេសការអាចប្រើអ៊ីនធឺណិតបានគ្រប់ពេល”។ នេះជាការលើកឡើងរបស់ សុធា និស្សិតសិក្សានៅ IFL។ និស្សិតសិក្សាឆ្នាំទីពីរជំនាញភាសាអង់គ្លេស សុធា បន្តថា៖ “មិនថាគេមិនថាខ្ញុំ ជ្រើសរើសប្រើ Smartphone ដោយសារបច្ចេកវិទ្យាដែលបំពាក់លើ Smartphone ដែលក្រៅពីការសម្រាប់តែខលធម្មតា គឺអាចប្រើប្រាស់ជាប្រយោជន៍ជាច្រើនទៀត”។ យ៉ាងណា សុធា ក៏មិនច្រានចោលដែលថា អ្នកប្រើ Smartphone មួយចំនួនក៏អាចចាត់ទុកថាជាមនុស្សសម្ភារៈនិយម តាមរយៈចង់បង្អួតពីភាពហ៊ឺហារបស់ខ្លួនតាមរយៈការប្រើប្រាស់ Smartphone ទំនើបៗ តម្លៃថ្លៃៗ។ យល់ឃើញដូចនិស្សិតខាងលើនេះដែរ បុគ្គលិកបម្រើការផ្នែកទំនាក់ទំនងនៅក្រុមហ៊ុនឯកជនមួយកញ្ញា លីដា ប្រាប់ថា កញ្ញាបានជ្រើសរើស Smartphone ប្រើប្រាស់ជារៀងរាល់ថ្ងៃ ដោយសារមើលឃើញពីគុណប្រយោជន៍ និងភាពងាយស្រួលសម្រាប់ការប្រើប្រាស់ ដូចជាអ៊ីនធឺណិតជាដើម។ កញ្ញាបញ្ជាក់ថា កញ្ញាមិនមែនជាមនុស្សសម្ភារៈនិយមអីនោះទេ ដោយសារតែទូរសព្ទដែលកញ្ញាប្រើក៏មិនសូវជាថ្លៃអីនោះទេ ហើយការទិញប្រើប្រាស់ក៏មិនមែនចង់បង្អួតពីភាពមានបានអីដែរ។ ផ្ទុយទៅវិញ លោក សុគន្ធ ដែលកំពុងធ្វើការបណ្តើរនិងសិក្សាបណ្តើរប្រាប់ថា លោកមើលឃើញយុវវ័យមួយចំនួនពិតជាមានភាពភ្លើតភ្លើន តាមរយៈការប្រើប្រាស់ Smartphone ដោយពួកគេតែងតែបង្អួតគ្នាទៅវិញទៅមកទៅលើ Smartphone ដ៏មានតម្លៃរបស់ពួកគេ។ “អ្នកខ្លះចេញមិនទាន់អីផងដូរស៊េរីជាបន្តបន្ទាប់ ទោះបីជាដឹងថាត្រូវបង់ខាតក្នុងតម្លៃយ៉ាងណាក៏ដោយ”។ លោកថា ជំពូកមនុស្សបែបនេះអាចចាត់ទុកថាជាមនុស្សសម្ភារៈនិយម ទៅលើការប្រើប្រាស់ Smartphone ដ៏មានតម្លៃនោះ។ បន្តអានអត្ថបទ៖ “ចំណុចខុសគ្នារវាង Smartphone និង Mobile Phone គួរយល់ដឹង” បន្តអានអត្ថបទ៖ “ទីផ្សារតម្លៃម៉ូតូថ្មីៗនៅថ្ងៃនេះ” អត្ថបទ៖ ប៊ុណ្ណារ៉ា
ប្រភពពី៖ www.news.sabay.com.kh
0 comments:
Post a Comment